ដោយៈ លក្ខិណា
ភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញម្រេចរបស់កម្ពុជាកាន់ទីផ្សារអន្តរជាតិមានការកើនឡើងខ្ពស់ រហូតដល់៥៥៨,១៩ភាគរយ គិតជាបរិមាណមានប្រមាណ២ម៉ឺន២ពាន់៥៨០តោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទចេញផ្សាយកាលពីពេលថ្មីៗនេះ ។
ទោះបីការនាំចេញម្រេចរបស់កម្ពុជាមានកំណើនខ្ពស់បែបនេះក្ដី តែសម្រាប់ម្រេចកំពតនៅតែមិនទាន់មានទីផ្សារទូលំទូលាយដដែល ពោលគឺកសិករនៅតែពិបាករកទីផ្សារសម្រាប់លក់ផលិតផល រហូតមានកសិករមួយចំនួនបញ្ចប់ការដាំដុះម្រេចទៅហើយព្រោះតែមិនមានប្រាក់សម្រាប់ការចំណាយលើការដាំដុះ។
កសិករដាំម្រេចនៅខេត្តកំពតជាច្រើន នៅតែបន្តរអ៊ូរទាំងចំពោះតម្លៃនិងទីផ្សារម្រេចកំពត ហើយមួយចំនួនត្រូវលក់ម្រេចទៅឈ្មួញក្រៅសហគមន៍ ដែលមានតម្លៃទាបជាងក្នុងសហគមន៍ដើម្បីបានចំណូលខ្លះមកវិញ ដោះស្រាយជីវភាព។
លោកងួន ប្រធានសមាគមលើកកម្ពស់ម្រេចខេត្តកំពតបាននិយាយ សម្រាប់ការប្រមូលឆ្នាំ២០២១នេះ ទិន្នផលម្រេចកំពតមិនជាកើនជាងកាលពីឆ្នាំ២០២០ប៉ុន្មានទេ ហើយទីផ្សារលក់វិញក៏ប្រហាក់ប្រហែលឬលើសពីឆ្នាំបន្តិចបន្តួចប៉ុណ្ណោះ។
លោកបន្តថា ឆ្នាំនេះឈ្មួញបានចុះកុងត្រាទិញ ម្រេចពីប្រជាកសិកររួចហើយ ប៉ុន្តែបរិមាណនៃការបញ្ជាទិញគឺមិនលើសពីឆ្នាំមុនប៉ុន្មាននោះទេនិងត្រូវរក្សាតម្លៃនៅថេរដដែល។
លោកបានថ្លែងថា “សម្រាប់ផ្ទៃដីដាំម្រេចនៅពេលបច្ចុប្បន្ននេះមិនបានកើនឡើងបន្តទៀតឡើយ គឺមានតែផ្ទៃដីទាំដូចឆ្នាំមុនៗអញ្ចឹង។ កសិករខ្លះក៏បោះបង់ការដាំដុះនិងថែទាំង ពីព្រោះដាំណាំម្រេចត្រូវការចំណាយដើមទុនក្នុងការដាំដុះនិងថែទាំងច្រើន ដូច្នេះសម្រាប់អ្នកខ្វះខាតទុនអាចនឹងពិបាក”។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបង្ហាញឱ្យឃើញថា វិស័យកសិកម្មកម្ពុជាក្នុងបរិបទកូវីដ១៩នេះ ឃើញថាបានចូលរួមចំណែកសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ក្នុងនោះដែរប្រជាពលរដ្ឋដែលបាត់បង់ការងារកាន់តែច្រើនបានងាកទៅរកវិស័យកសិកម្ម ដើម្បីរកចំណូលដោះស្រាយជីវភាព ដែលធ្វើឱ្យកម្ពុជាអាចកាត់បន្ថយការនាំចូលផលិតផលកសិកម្មប្រទេសក្រៅ និងបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិវិញ៕