ដោយៈសុខុម
ហុងកុង: តម្លៃផ្ទះនៅទីក្រុងហុងកុង បានហក់ឡើងខ្ពស់មិនធ្លាប់មាន ខណៈទីផ្សារអចលនទ្រព្យផ្សេងៗទៀតទូទាំងពិភពលោក ក៏កំពុងហក់ឡើងថ្លៃ ដោយសារអត្រាការប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ និងតម្រូវការកើនឡើង ស្របពេលវិបត្តិកូវីដ-១៩ ថមថយបន្តិចម្តងៗ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៣ សីហា។
ផ្អែកតាមទិន្នន័យរបស់ក្រុមហ៊ុនអចលនទ្រព្យ Centaline Property Agency Ltd ដែលបានចាប់ផ្តើមតាមដាន អត្រាតម្លៃផ្ទះក្នុងទីក្រុងនេះតាំងពីឆ្នាំ១៩៩៣ បង្ហាញថា តម្លៃផ្ទះលក់បន្តបានហក់ឡើង០,៦៥% សម្រាប់សប្តាហ៍គិតត្រឹមថ្ងៃទី៨ សីហា ឆ្នាំនេះ។ តម្លៃហក់ឡើងខ្ពស់ មិនធ្លាប់មានលើកចុងក្រុង ដែលក្រុមហ៊ុននេះបានកត់ត្រានៅពាក់កណ្តាលឆ្នាំ២០១៩ ជាពេលដែលចាប់ផ្តើមផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុង។ តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋាន បានហក់ឡើង៨,៦%ចាប់តាំងពីដើមឆ្នាំនោះមក។
តម្រូវការខ្ពស់ ការផ្គត់ផ្គង់មានកម្រិត និងអត្រាការប្រាក់ទាប សម្រាប់កម្ចីទិញផ្ទះបានធ្វើឱ្យទីផ្សារអចលនទ្រព្យថ្លៃបំផុត របស់ពិភពលោកមួយនេះ កាន់តែហក់ឡើងថ្លៃ សូម្បីអំឡុងពេលមានការព្រួយបារម្ភ អំពីអនាគតរបស់ទីក្រុង ដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ា និងការដាក់ចេញច្បាប់សន្តិសុខជាតិ ពីសំណាក់ចិនប៉េកាំង ក្នុងឆ្នាំ២០២០ ក្ដី។
ភាពសម្បូរហូរហៀរនៃសាច់ប្រាក់ក្នុងទីផ្សារ ក៏បានជំរុញឱ្យតម្លៃហក់ឡើងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗដទៃទៀត នៅទូទាំងពិភពលោកផងដែរ។ តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋាននៅសហរដ្ឋអាមេរិក កាលពីខែមេសា បានហក់ឡើងខ្លាំងបំផុតសម្រាប់រយៈពេល៣០ឆ្នាំមកនេះ ដោយនៅតំបន់ជាយក្រុង និងតំបន់ជនបទកាន់តែហក់ឡើងខ្ពស់ថែមទៀត។
តម្លៃផ្ទះនៅនូវែលសេឡង់ ដែលស្ថិតក្នុងចំណោមទីផ្សារ ដ៏ទាក់ទាញបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃរយៈពេល៣១ខែជាប់ៗគ្នាផងដែរ។
ការឡើងថ្លៃនេះក៏ជាសញ្ញាបង្ហាញថា ការធ្វើសម្រុកធ្វើចំណាកស្រុករបស់ពលរដ្ឋហុងកុ ទៅរស់នៅប្រទេសអង់គ្លេស ក្រោមកម្មវិធីទិដ្ឋាការថ្មីមួយ មិនបានជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅក្រុងហុងកុងឡើយ។
បន្ថែមពីលើតម្រូវការខ្លាំងពីអ្នកទិញក្នុងស្រុក ក្រុមវិនិយោគិនមកពីចិនប៉េកាង ក៏កំពុងជំរុញឱ្យទីផ្សារនេះហក់ឡើងថ្លៃផងដែរ។
យោងតាមក្រុមហ៊ុនអចលនទ្រព្យ Midland Realty ឱ្យដឹងថា វិនិយោគិនចិនប៉េកាំង មានចំណែក១១,២% នៃការទិញផ្ទះសរុបក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ បើធៀបនឹង១០.៥%ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមការរំពឹងទុក តម្លៃផ្ទះនឹងបន្តហក់ឡើង។ ក្រុមហ៊ុនអចនលទ្រព្យ Cushman & Wakefield រំពឹងថា តម្លៃផ្ទះនឹងហក់ឡើង៥%ទៀតនៅឆមាសទី២ ចុងឆ្នាំ២០២១ នេះ៕