ដោយៈលក្ខិណា
ភ្នំពេញៈ ជំងឺកូវីដ១៩ដែលត្រូវបានចាត់ទុកថា ជាជំងឺសកលនៅតែបន្តជះផលប៉ះពាល់ដល់បណ្ដាវិស័យ និងសេដ្ឋកិច្ច នៃប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក ក្នុងប្រទេសកម្ពុជា ក៏បានជួបប្រទះនឹងការរីករាលនៃជងឺនេះដែរ។
លោកបណ្ឌិតតាន់ មុនីវណ្ណ អគ្គនាយករងនៃក្រុមហ៊ុនម៉ុង ឬទ្ធីគ្រុបបានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាមួយ រៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ សីហា២០២១ថា បរិបទកូវីដ១៩នេះ គ្មានវិស័យណាមួយគេចផុតពីវិបត្តិឡើយ។
លោកបណ្ឌិតបន្តថា “បើនិយាយជំងឺកូវីដ១៩ គ្មានអ្នកណាម្នាក់គេចផុតថា មិនប៉ះពាល់នោះទេ មិនថាអ្នកធ្វើអាជីវកម្មឬអ្នកមិនមានអាជីវកម្ម ។អ្នកមានអាជីវកម្មគឺប៉ះពាល់ទៅលើមុខរបររកស៊ីប្រាក់ចំណូល ហើយអ្នកមិនមានអាជីវកម្ម ក៏រងផលប៉ះពាល់ទៅលើផ្លូវចិត្តដែរ”។
លោកបណ្ឌិតបន្តទៀតថា បើយើងក្រលេកទៅអាជីវកម្មទាំងអស់ គឺប៉ះពាល់ទាំងអស់តែម្ដង ហើយវិស័យធំៗចំនួន៤ដូចជាកសិកម្ម ឧស្សាហកម្ម វិស័យអចលនទ្រព្យជាពិសេសវិស័យទេសចរណ៍ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ វិស័យខ្លះប៉ះពាល់ហើយអាចរកផ្លូវចេញឃើញ និងអាចដោះស្រាយបាន តែវិស័យខ្លះទៀតពិតជា ពិបាកក្នុងការដោះស្រាយ ។
លោកបណ្ឌិតតាន់ មុនីវណ្ណបានបន្ថែមថា យើងពិនិត្យឃើញថា វិស័យធំ៣ដែលរងផលប៉ះពាល់ខ្លាំងជាងគេ នៅក្នុងបរិបទនេះ រួមមានវិស័យទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យដឹកជញ្ជូន ក្នុងនោះវិស័យអចលនទ្រព្យក៏មានផលប៉ះពាល់ដែរ ប៉ុន្តែនៅអាចគ្រប់គ្រងបាន ដោយមិនធ្វើឱ្យធ្ងន់ធ្ងរខ្លាំងណាស់ទេ ។
លោវេជ្ជបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគម ធុរកិច្ចកម្ពុជាជប៉ុន ក៏បានឱ្យដឹងផងដែរថា សម្រាប់ជំនួញរវាងកម្ពុជា និងជប៉ុន ក៏មានផលប៉ះពាល់មួយចំនួនផងដែរ មិនថាផ្នែកទេសចរណ៍ចំណីអាហារ និងផ្សេងទៀតក៏មានផលប៉ះពាល់ទាំងអស់ តែសមាគមក៏បានដោះស្រាយដល់សមាជិករបស់ខ្លួនមួយចំនួនផងដែរ៕