ដោយៈ សុធា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្ដិ នៅជំនួបទ្វេភាគី ជាមួយ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
លោករដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សារលើការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។ ក្នុងនោះ កិច្ចពិភាក្សាបានធ្វើការកត់សម្គាល់ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេសការឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
លោកប៉ាន សួរស័ក្តបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ដែលជាតម្រូវការក្នុងទីផ្សារឥណ្ឌា ហើយបានស្នើឱ្យភាគីឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗជាដើម។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានជំរុញធុរកិច្ចនិងវិនិយោគឥណ្ឌាមកកាន់កម្ពុជាបន្ថែម ហើយក៏បានលើកទ្បើងអំពីបំណង ក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ចរវាងភាគីទាំងពីរក្នុងពេលអនាគតដ៏ខ្លីផងដែរ៕