ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៣ (NR3) ប្រវែងជាង១៣៥គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលចោមចៅ ទៅក្រុងកំពត គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមីនា ឆ្នាំក្រោយ។
នេះបើតាមការលើកឡើងរបស់លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ ខណៈដឹកនាំគណៈប្រតិភូ ចុះពិនិត្យការដំឡើងកាមេរ៉ាសុវត្ថិភាព តាមផ្លូវជាតិលេខ៣ នៅថ្ងៃទី៨ ខែវិច្ឆិកាកន្លងមកនេះ។
លោកបានមានប្រសាសន៍ឱ្យដឹងថា “សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ”។
ការសាងសង់ និងកែលម្អផ្លូវជាតិលេខ៣ ចែកចេញជាពីរដំណាក់កាល គឺដំណាក់កាលទី១ ប្រវែង៧០គីឡូម៉ែត្រ ចាប់ពីចោមចៅ រាជធានីភ្នំពេញ ដល់តំបន់បែកគុស ខេត្តតាកែវ មាន៤គន្លង និងទី២ ដំណាក់កាលទី៦៤,៨គីឡូម៉ែត្រ ពីតំបន់បែកគុសដល់ក្រុងកំពតមានផ្លូវពីរគន្លងទៅ និងមក។
ផ្លូវនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Bridge and Road Corporation ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting Co., Ltd. ជាមួយនឹងថវិកាសរុបចំនួន២១៩,៩ លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទាន ពីសាធារណៈរដ្ឋប្រជាមានិតចិន។
ផ្លូវជាតិដ៏សំខាន់នេះ បានត្រូវបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន បន្ទាប់ពីការសាងសង់រួចរាល់នៅពាក់កណ្តាលឆ្នាំនេះ៕