ទំនាក់ទំនងកម្ពុជា ចិនបន្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានយុវជនជាស្នូល

ដោយៈ ចំណាន

ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប លោកឈិន ចូវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកបាននាំមកនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជា លោកលី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការវិវត្តកាន់តែល្អប្រសើរ នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងភាពប្រែប្រួល នៃភូមិសាស្រ្តនយោបាយពិភពលោក លោកអនុរដ្ឋមន្រ្តីបានលើកឡើងថា នៅក្នុងបរិការណ៍ ដែលពិភពលោកនៅតែមានភាពមិនប្រាកដប្រជា និងស្របពេលដែលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែមានភាពស្រួចស្រាល់ឡើង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវឱ្យប្រទេសទាំងពីរបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្សនិងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ដែលជាយុវជនបន្ដវេនរបស់ប្រទេសទាំងពីរ​ ឱ្យកាន់តែមានសមត្ថភាពរឹងមាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ច ដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។

សម្ដេចបវរធិបតីហ៊ុន ម៉ាណែតបានសម្ដែងនូវការស្វាគមន៍​ និងសោមនស្សរីករាយដែលបានជួប លោកឈិន ចូវ អនុរដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងពេល​ដែលលោក និង​គណៈប្រតិភូ​ បាន​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា។

សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត។

សម្ដេចបានបញ្ជាក់បន្ថែមទៀតថា “ទំនាក់ទំនងដ៏ល្អប្រសើរនៅគ្រប់កម្រិត នៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត រវាងគណបក្សយើងទាំងពីរ ដោយមានយុវជនជាស្នូល”។

សម្តេច​បវរ​ធិបតី​ បាន​លើកទឹកចិត្ត​ដល់យុវ​ជន​ នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យកា​ន់តែ​ជិតស្និទ្ធ​បន្ថែម​ទៀត​ ដើម្បី​រួមចំណែក​ដល់​ការបន្ត​ពូន​ជ្រំ ​នូវ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ និង​រឹងមាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here