សម្តេចធិបតីជម្រុញការវិនិយោគលើវិស័យកសិឧស្សាហកម្មនៅខេត្តចំនួន៣ភាគពាយ័ព្យដើម្បីកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំដល់គណៈកម្មាធិការគោលនយោបាយ ឱ្យរៀបចំគោលនយោ​បាយវិនិយោគវិស័យកសិ -ឧស្សាហកម្ម នៅខេត្តភាគពាយ័ព្យរបស់កម្ពុជា។

បណ្តាខេត្តទាំងនោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានថ្លែងបែបនេះកាលពីសប្តាហ៍មុន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ លើកទី២០ នៅបឹងទន្លេបាទី ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចបានគូសបញ្ជាក់អំពីដំណើររបស់កម្ពុជា ពីសង្គ្រាមទៅកាន់សន្តិភាព ដោយបញ្ជាក់ថា កម្ពុជាបានប្រែក្លាយអតីតសមរភូមិ ទៅជាតំបន់កសិកម្មផលិតភាព ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ និងសហគមន៍ដែលរីកចម្រើន។

សម្តេចបញ្ជាក់ថា “ខ្ញុំបានណែនាំដល់គណៈកម្មាធិការគោលនយោបាយ ឱ្យរៀបចំគោលនយោបាយវិនិយោគ ដើម្បីជំរុញការអភិ​វឌ្ឍបន្ថែមទៀតនៃវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្មនៅក្នុងតំបន់ភាគខាងលិចនៃប្រទេស”។

សម្តេចបានកត់សម្គាល់ថា កន្លងមករាជរដ្ឋាភិបាល បានផ្តល់អាទិភាពលើការវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ការផ្តោតលើការវិនិយោគនៅឆ្នាំនេះ បានប្តូរទៅតំបន់ភាគឦសាន។

សម្តេចបន្តទៀតថា “ឥឡូវដល់ពេលហើយ ដើម្បីពង្រីកគោលនយោបាយជំរុញការវិនិយោគកសិ-ឧស្សាហកម្មនៅភាគខាងលិច”។

សម្តេចបានបញ្ជាក់ថា វិស័យកសិកម្ម មិនគួរផ្តោតតែលើការដាំដុះ និងការលក់ផលិតផលឆៅនោះទេ ប៉ុន្តែក៏ត្រូវផ្តោតលើការអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ការកែច្នៃដែលមានតម្លៃបន្ថែម សម្រាប់ការនាំចេញ និងការធ្វើពិពិធកម្មផលិតផលផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាបានចង្អុលបង្ហាញថា ខេត្តភាគខាងលិចរបស់កម្ពុជា ដូចជា បាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ និងខេត្តផ្សេងទៀត ត្រូវបានកំណត់ថាជា “ច្រករបៀងត្រី និងស្រូវ” ជាមួយប្រទេសចិន។ ការលើកកម្ពស់ការវិនិយោគកសិ-ឧស្សាហកម្មនៅក្នុងតំបន់ទាំងនេះ មានសារៈសំខាន់ណាស់ សម្រាប់ការបង្កើតការងារ និងការជំរុញការនាំចេញ រួមទាំងផលិតផលដូចជា ទុរេន មៀនប៉ៃលិន និងផលិតផលពិសេស ប្រចាំតំបន់ផ្សេងទៀត ដែលកំណត់គោលដៅសម្រាប់ទីផ្សារប្រទេសចិន។

សម្តេចធិបតីបានបញ្ជាក់ទៀតថា “ទោះជាយ៉ាងណាក៏ដោយ យើងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូពាណិជ្ជកម្មរបស់យើង។ ប្រសិ​នបើបញ្ហាកើតឡើងនៅក្នុងទីផ្សារមួយ យើងមិនគួរពឹងផ្អែកលើវាខ្លាំងពេកនោះទេ។ យើងត្រូវស្វែងរកបណ្តាញជាច្រើន ដើម្បីធានាសុវត្ថិភាពទីផ្សាររបស់យើង”។​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីចុងឆ្នាំមុនថា រាជរដ្ឋាភិបាលបានកំណត់គោលដៅផ្លាស់ប្តូរ និងអភិវឌ្ឍតំបន់ព្រំដែនទូទាំងប្រទេស ដោយចាប់ផ្តើមពីព្រំដែនភាគឦសាន។

ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើនលំហូរវិនិយោគទៅក្នុងវិស័យកសិ-ឧស្សាហកម្មនៅតាមព្រំដែនភាគឦសាន សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមានគោលដៅទាញយកសក្ដានុពលសេដ្ឋកិច្ច នៃខេត្តជាប់ព្រំដែន តាមរយៈការលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុកធ្វើការវិនិយោគ លើវិស័យកែច្នៃផលិតផលកសិកម្ម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here