ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានទទួលជួបសម្តែងការគួរសមនិងជម្រាបលាជាមួយ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលបានបញ្ចប់អាណត្តិការទូតដោយជោគជ័យ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងកម្ពុជា និងបារាំង ជាពិសេសក្នុងការអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាត និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ដែលសម្របសម្រួលដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
លោករដ្ឋមន្ត្រី វណ្ណឌី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត រយៈពេលវែងរបស់ប្រទេសបារាំង ដោយបានគូសបញ្ជាក់ពីបរិវត្តកម្មកម្មវិធីជំនួយរបស់AFD ពីការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងនីមួយៗ ទៅការគាំទ្រសម្រាប់វិស័យ។
លោកបានមានប្រសាសន៍ថា ““សម្រាប់ការអភិវឌ្ឍវិស័យ យើងត្រូវគិតទាំងគោលនយោបាយ និរន្តរភាព និងបរិវត្តកម្មរយៈពេលវែងផងដែរ”។ លោកបន្តថា “បារាំងមិនត្រឹមតែជាដៃគូ ផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ តែក៏ជាយុទ្ធមិត្តក្នុងកិច្ចការកែទម្រង់របស់វិស័យផងដែរ”។
លោកឯកអគ្គរដ្ឋទូតPellet បានបង្ហាញការយល់ស្រប ដោយលើកឡើងថា ភាពជាដៃគូក្នុងវិស័យទឹកស្អាត គឺជាជោគជ័យធំបំផុតមួយ សម្រាប់ប្រទេសបារាំងនៅកម្ពុជា។
លោកបានគូសរំលេចសមត្ថភាព របស់ក្រុមហ៊ុនបារាំងក្នុងការអនុវត្ត គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានបំពេញការងារ ដោយគ្មានឧប្បត្តិហេតុគ្រោះថ្នាក់ណាមួយ ហើយកំពុងត្រូវបានគេយកជាគំរូ។
លោកបានកត់សម្គាល់ថា “នេះមិនមែនគ្រាន់តែជាគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរដែលរួមបញ្ចូល ការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍសមត្ថភាពរដ្ឋាករទឹក និងកំណែទម្រង់គោលនយោបាយ”។
លោករដ្ឋមន្ត្រី វ៉ាន់ឌី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការទាញយកអត្ថប្រយោជន៍ ពីសមត្ថភាពរបស់ PPWSA ដោយផ្តោតលើការពង្រីកតួនាទី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដឹកនាំកំណែទម្រង់វិស័យជារួម។
លោកបានរំលឹកឡើងវិញ ពីតម្រូវការសម្រាប់ការវិនិយោគជាយុទ្ធសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធទំនើប និងការអនុវត្តយន្តការហិរញ្ញប្បទានឆ្លាតវៃ ដើម្បីធានាបាននូវនិរន្តរភាព។
ក្រៅពីវិស័យទឹកស្អាត លោករដ្ឋមន្ត្រីបានលើកទឹកចិត្តភាគីបារាំងឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យា ការស្រាវជ្រាវ និងទំនើបកម្មវិស័យកម្មន្តសាល។
លោកបានបន្តថា “កម្ពុជាត្រូវវិវត្តន៍ ឆ្លងកាត់ឧស្សាហូបនីយកម្ម មុននឹងអាចឈាន ទៅរកឧស្សាហកម្មដែលមានតម្លៃខ្ពស់ និងសេដ្ឋកិច្ចដែលជំរុញដោយសេវាកម្ម”។
លោកបញ្ជាក់ទៀតថា “យើងត្រៀមខ្លួនបន្តកិច្ចសហការជាមួយភាគីបារាំងលើការងារស្រាវជ្រាវ និងបណ្តុះបណ្តាលរួមគ្នា តាមរយៈដៃគូ ដូចជាសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជាជាដើម”៕