ក្រសួងពាណិជ្ជកម្មប្រកាសស្វែងរកទីផ្សារផលិតផលចម្លាក់ប្រាក់ស្ពាន់របស់កម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ វិស័យចម្លាក់ប្រាក់ស្ពាន់របស់កម្ពុជា ជាវិស័យមួយទ្រទ្រង់ដល់វិស័យទេសចរណ៍ ជាពិសេសជួយទ្រទ្រង់ជីវភាពរបស់អ្នកផលិតផ្ទាល់តែម្ដង។ ក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានប្រកាសរកទីផ្សារចម្លាក់ប្រាក់ស្ពាន កម្ពុជាបន្ថែមទៀតជំរុញការនាំចេញ និងចែកចាយក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំមួយកាលពីល្ងាចថ្ងៃទី១៥ធ្នូ ២០២១ បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍ចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។ មជ្ឈមណ្ឌលនេះចូលរួមដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យចម្លាក់ប្រាក់-ស្ពាន់ ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផលនិងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្មនិងពង្រីកទីផ្សារបន្ថែមក្នុងវិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។

បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានឯកភាពលើផែនការការងារពាក់ព័ន្ធនឹងការសម្របសម្រួលការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការបន្តចងក្រងសៀវភៅបន្ទុកពាក់ព័ន្ធនឹងវិស័យចម្លាក់ប្រាក់-ស្ពាន់ ព្រមទាំងការស្វែងរកទីផ្សារសម្រាប់ផលិតផលចម្លាក់ប្រាក់-ស្ពាន់។

លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការងារលើកកម្ពស់កេរ្តិ៍ឈ្មោះនិងថែរក្សាអត្តសញ្ញាណខ្មែរ ដោយបច្ចុប្បន្នក្រសួងកំពុងបន្តចរចាបើកទីផ្សារបន្ថែម និងបានស្នើឱ្យមានការចូលរួមឱ្យបានសកម្មពីវិស័យឯកជនពាក់ព័ន្ធ សំដៅជំរុញការលក់ផលិតផលខ្មែរទាំងនៅទីផ្សារក្នុងស្រុកនិងបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here