បារាំងផ្តល់ហិរញ្ញប្បទានមានទឹកប្រាក់ប្រមាណជាង២២លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)ប្រចាំនៅកម្ពុជាសន្យាថា នឹងបង្កើនទំហំឥណទានសម្បទាន និងខិតខំជួយកៀរគរហិរញ្ញប្បទានឥតសំណងពីសហគមអឺរ៉ុប និងពីប្រភពផ្សេងទៀតសម្រាប់រួមចំណែកអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។

នេះបើតាមប្រសាសន៍របស់លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបនិងពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍បន្តថា កម្ពុជា និងបារាំង មានទំនាក់ទំនងយូរអង្វែងមកហើយ ពិសេសកិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD។ កិច្ចសហប្រតិបត្តិការនេះគឺបានចូលរួមចំណែកដ៏សំខាន់ក្នុងប្រតិបត្តិការនៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានការប្តេជ្ញាសម្រេចគោលដៅក្នុងការបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការ ODA របស់ខ្លួនឱ្យបាន០,៥៥% នៃផ.ស.ស នៅឆ្នាំ ២០២២ ដើម្បីចូលរួមអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ រួមមានកម្ពុជាផងដែរ។

លោកបានជម្រាបជូនលោក Jacques PELLET ឯកអគ្គរដ្ឋទូតថា កម្ពុជានឹងដាក់ចេញនូវ “យុទ្ធសាស្ដ្រស្ដីពីការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ដែលជាឯកសារបង្ហាញផ្លូវដើម្បីកម្ពុជា ចាកចេញពីវិបត្តិនៃជម្ងឺកូវីដ-១៩ ឆ្ពោះទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយសុវត្ថិភាព ចីរភាព និងបរិយាប័ន្ន។

“ឯកសារបង្ហាញផ្លូវ” គឺជាក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី ក្នុងទិសដៅលើកកម្ពស់ចីរភាព កំណើន និងការកសាងភាពរាំងមាំនៃសង្គម-សេដ្ឋកិច្ចកម្ពុជា។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន បារាំងបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួល ក្នុងកិច្ចដំណើរសន្តិភាពនៅកម្ពុជា ដោយឈានដល់សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ខែតុលា ឆ្នាំ១៩៩១ជាដើម។ សាធារណ រដ្ឋបារាំង ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ដល់សេ ដ្ឋកិច្ច-សង្គមកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងវិស័យសុខាភិបាល ទឹកស្អាត អគ្គិសនី ក សិ កម្ម អប់រំ និងគម្រោងវិនិយោគសាធារណៈជាច្រើន។
នៅក្នុងឆ្នាំ២០២១ បារាំង -កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួនពីរ មានទឹកប្រាក់សរុបប្រមាណ២០,៣០លានអឺរ៉ូ ដែលស្មើរនឹងចំនួន ជាង២២លានដុល្ល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យ កសិកម្មទឹក និងការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here