ដោយ៖ សុផារី
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគី ជាមួយធនាគារកណ្តាលឡាវ ក្នុងកិច្ចប្រជុំទ្វេរភាគនេះ ភាគីទាំងពីរបានកំណត់ការងារ ដែលនឹងត្រូវបង្កើនកិច្ចសហប្រតិបត្តិការនៅឆ្នាំបន្ទាប់ ក្នុងនោះរួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់ និងនវានុវត្តន៍ ជាមួយនឹងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ និងការបន្តចែករំលែកបទពិសោធន៍ របស់ធនាគារជាតិនៃកម្ពុជា លើការងារការអភិវឌ្ឍការបោះពុម្ពរូបិយវត្ថុជាតិជាដើម។
កិច្ចប្រជុំទ្វេភាគីរៀបចំឡើងក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Sonexay Sitphaxay ទេសាភិបាល ធនាគារកណ្តាលឡាវ។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។
អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបានដែលកើតចេញពី កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ និងគាំទ្រដល់ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ក្នុងប្រទេសទាំងពីរ។
លោក ជា ចាន់តូ បានលើកឡើងថា “វត្តមានរបស់គ្រឹះស្ថានធនាគារកម្ពុជា ដែលកំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ពិតជាបានរួមចំណែកពង្រឹងការវិនិយោគរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នធនាគារពាណិជ្ជ របស់កម្ពុជាចំនួនពីរ កំពុងធ្វើប្រតិបត្តិការនៅប្រទេសឡាវ ហើយធនាគារពាណិជ្ជឡាវចំនួន១ មានវត្តមាននៅកម្ពុជា”។
លោក Sonexay SITPHAXAY បានវាយតម្លៃខ្ពស់ ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញប្រកបដោយប្រសិទ្ធភាព ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ និងសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាព និងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។
ក្នុងឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជាបានចែករំលែកបទពិសោធន៍ និងចំណេះដឹងទៅកាន់ធនាគារកណ្តាលឡាវ លើប្រធានបទជាច្រើនរួមមាន ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ ការគ្រប់គ្រងសន្ទនីយភាព ការអភិវឌ្ឍប្រព័ន្ធបាគង ការត្រួតពិនិត្យធនាគារដោយផ្អែកលើហានិភ័យ និងប្រព័ន្ធគ្រប់គ្រងគណនី៕