ដោយ: ម៉ាលីស
ភ្នំពេញ ៖ ក្នុងការរកស៊ី មានកត្តាជាច្រើនដែលធ្វើអោយយើងបាត់មុខចេញពីក្នុងទីផ្សារ ហើយខាងក្រោមនេះគឺជាចំនុចមួយចំនួនដែលអ្នកទើបនឹងចាប់ផ្ដើមចេញរកស៊ីថ្មី គួរតែពិចារណាដើម្បីជៀសវាងការបរាជ័យមិនគួរនឹងកើតមាន។
១.មិនបានរៀបផែនការទុកមុន៖ សម្រាប់អាជីវកម្មដែលទើបនឹងបើកថ្មី ការមិនបានរៀបគម្រោងអោយបានគ្រប់គ្រាន់សម្រាប់ដំណើរការប្រចាំថ្ងៃ អាចនឹងផ្ដល់ផលលំបាកធំដល់យើងបាន។ ទោះបីជាផលិតផល ឬសេវាកម្មយើងល្អប៉ុណ្ណាក៏ដោយ ប្រសិនបើយើងគ្មានរៀបចំគម្រោងទុកជាមុនដូចជា តើយើងចង់ បានអតិថិជនប្រភេទណា តើគួរធ្វើអោយគេដឹងអំពីយើងតាមរបៀបណា ឬ គោលដៅរយៈពេលខ្លី និងវែងរបស់យើងមានអ្វីខ្លះ… នោះដំណើរអាជីវកម្មនឹងកាន់តែលំបាកនៅពេលដែលវាចាប់ផ្ដើមដើរបានខ្លះៗ។ សម្រាប់អ្នកដែលទើបនឹងចេញរកស៊ីថ្មី អ្នកគួរតែមានសរសេរនូវគម្រោងអាជីវកម្មមួយសម្រាប់មើល ទោះបីជាក្នុងស្ថានភាពជាក់ស្ដែងយើងនឹងមិនធ្វើតាមគ្រប់ចំនុចដែលយើងព្រៀងទុកក៏ដោយ ក៏យើងមានគ្រឹះទុកសម្រាប់មើលថាតើអ្វីដែលយើងធ្វើវាបានសម្រេចបានដល់កម្រិតណា បើប្រៀបនឹងគម្រោងអាជីវកម្មនោះ ហើយចំនុចណាខ្លះដែលយើងគួរធ្វើតាម និងមិនគួរធ្វើតាម។
២.ធ្វើទីផ្សារ ឬផ្សាយពាណិជ្ជកម្មទៅលើអតិថិជនខុស៖ អាជីវកម្មជាច្រើន មិនបានយល់ដឹងថាតើអតិថិជនប្រភេទណាដែលសាកសមនឹងសេវាកម្ម ឬផលិតផលរបស់ខ្លួន ឬ តើការផ្សាយពាណិជ្ជកម្មរបស់ខ្លួនសមស្របនឹងសង្គមដែរឬទេ ម្ល៉េះហើយពួកគាត់ក៏ចំណាយទៅលើការធ្វើទីផ្សារខុស មិនទទួលបានលទ្ធផលពីការចំណាយនោះវិញ ហើយពេលខ្លះធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់ខ្លួនទៀតផង។ ដើម្បីធ្វើទីផ្សារត្រូវ អ្នកគួរតែដឹងពីអតិថិជនរបស់ខ្លួនដូចជា អាយុ ភេទ ចំណង់ចំណូលចិត្ត តំបន់ដែលពួកគាត់រស់នៅ កាលៈទេសៈសង្គម សេដ្ឋកិច្ច និងចំណូលរបស់គាត់ជាដើម…។ ការធ្វើទីផ្សារខុសនេះមិនមែនតែអាជីវកម្មតូចតាចទេដែលធ្លាប់ធ្វើខុស សូម្បីតែក្រុមហ៊ុនអន្តរជាតិធំៗក៏ធ្លាប់មានកំហុសឆ្គងនេះដែរដូចជាក្រុមហ៊ុន Pepsi, Gillette, Nike, Sony និង ក្រុមហ៊ុនជាច្រើនទៀត។
៣.ចំណាយច្រើនហួសហេតុ៖ ការចំណាយគឺចំបាច់ណាស់សម្រាប់អោយអាជីវកម្មមួយដំណើរការបាន ប៉ុន្ដែសម្រាប់អ្នកចេញរកស៊ីដំបូងនៅពេលជួបបញ្ហា អ្នកមិនគួរជះលុយដើម្បីដោះស្រាយបញ្ហា ឬចំណាយទៅលើផ្នែកណាមួយនៃអាជីវកម្មអ្នកដែលផ្ដល់ផលតបវិញតិចនោះទេ។ ដើម្បីចំណាយអោយចំគោលដៅ អ្នកគួរតែសិក្សាបន្ថែមពីរបៀបគ្រប់គ្រងលំហូរសាច់ប្រាក់ និងការចំណាយដែលមានប្រសិទ្ធភាពក្នុងអាជីវកម្ម។
៤.ចំណាយតិចពេក៖ ការចេះត្បិតត្បៀតក្នុងការរកស៊ី គឺពិតជាល្អព្រោះអ្នកនឹងមានសាច់ប្រាក់ក្នុងដៃច្រើនសម្រាប់បង្វិលធ្វើអ្វីផ្សេងបានទាន់ពេល ប៉ុន្ដែបើអ្នកមិនចំណាយទាល់តែសោះទៅលើការធ្វើទីផ្សារ ប្រូម៉ូសិន ឬ ចំនាយទៅលើបុគ្គលិកដែលចាំបាច់សម្រាប់ការរីកចម្រើនអាជីវកម្មខ្លួននោះទេ នោះអាជីវកម្មអ្នកក៏ឈរជើងមិនបានយូរដែរ។
៥.សម្បូរគេជំពាក់ច្រើនហើយយូរ៖ អាជីវកម្មខ្លះនៅពេលដែលយើងមើលរបាយការណ៍ហិរញ្ញវត្ថុទៅឃើញថា ការលក់បានច្រើន រកផលចំនេញបានច្រើន ប៉ុន្ដែជាក់ស្ដែងវិញគឺសឹងតែរកប្រាក់បង្វិលសងគេ បង់ថ្លៃទឹកភ្លើង ឬ ប្រាក់ខែបុគ្គលិកសឹងមិនបានផង។ ហេតុផលនោះគឺទោះបីជាការលក់ដាច់បានច្រើនក៏ដោយ តែគេជំពាក់ច្រើនរហូតធ្វើអោយយើងគ្មានសាច់ប្រាក់កាន់នឹងដៃ មានតែតួរលេខក្នុងក្រដាសប៉ុណ្ណោះ។ យើងក៏មិនអាចបន្ទោសពួកគាត់ទាំងស្រុងបានដែរ ព្រោះពេលចេញរកស៊ីដំបូងគាត់ចង់បានម៉ូយច្រើន ម្ល៉េះហើយក៏សុខចិត្តអោយគេជំពាក់ខ្លះដើម្បីទាក់ទាញអតិថិជនថ្មី ប៉ុន្ដែក្នុងការរកស៊ីអ្នកគួរតែមានយុទ្ធសាស្ត្រមួយគឺសងលុយគេយឺត តែទារលុយពីគេវិញលឿន ចំណែកឯការជំពាក់របស់អតិថិជនមិនគួរអោយលើសពី៩០ថ្ងៃឡើយ ដើម្បីមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងការដំណើរការអាជីវកម្មនោះ៕