ដោយ៖ ស្រីលិះ
អាមេរិក៖ Apple បានក្លាយជាក្រុមហ៊ុនដំបូងគេបំផុតនៅលើពិភពលោកដែលមានតម្លៃនៅលើទីផ្សាររហូតដល់ ៣ពាន់ពាន់លានដុល្លារអាមេរិក ខណ:ដែលអ្នកវិនិយោគជាច្រើនបាននិយាយថា ក្រុមហ៊ុនផលិត iPhone មួយនេះនឹងបន្តលក់ដាច់បំផុត នូវ ផលិតផលថ្មីរបស់ខ្លួន ដែលត្រូវបានគេជឿជាក់ថាជារថយន្តបើកបរដោយស្វ័យប្រវត្តិ ឬឧបករណ៍ពិតនិម្មិត (VR)។
យោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅថ្ងៃដំបូងនៃការជួញដួរក្នុងឆ្នាំ២០២២ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានឡើងដល់កម្រិតមួយខ្ពស់បំផុត និងបានជំរុញឱ្យតម្លៃក្រុមហ៊ុន នៅលើទីផ្សារកើនដល់ ៣ពាន់ពាន់លានដុល្លារអាមេរិក។
ក្រុមអ្នកវិភាគបានមើលឃើញថា កត្តាដែលជួយជំរុញឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងខ្ពស់យ៉ាងនេះដោយសារតែ អ្នកប្រើប្រាស់បានបន្តចាយប្រាក់ទៅលើផលិតផលនិងសេវាកម្មរបស់ Apple ដែលមានដូចជា iPhone MacBooks Apple TV Apple Music ជាដើម។ ពិសេសនោះគឺថា វត្តមាននៃផលិតផលថ្មី ដែលពុំធ្លាប់មានគឺ រថយន្តបើកបរដោយស្វ័យប្រវត្តិ ឬឧបករណ៍ពិតនិម្មិត (VR) ដែលនឹងចូលខ្លួនមកនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមអ្នកវិនិយោគជាច្រើនបានផ្ដល់នូវទំនុកចិត្តខ្ពស់ដល់ក្រុមហ៊ុន Apple សម្រាប់ឆ្នាំ២០២២នេះ និងបានបន្ថែមទុនវិនិយោគ ដោយសារតែ ពួកគេបានយល់ឃើញថា ពួកគេនឹងទទួលបានប្រាក់ចំណេញខ្ពស់នៅពេលដែល Apple ប្រកាសបង្ហាញវត្តមានផលិតផលថ្មី។
បច្ចុប្បន្ននេះក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់មានដូចជា Microsoft Corp បានកើនឡើងពី២ពាន់ពាន់លានដុល្លារ មកដល់ ២,៥ពាន់ពាន់លានដុល្លារ ខណ:ដែលក្រុមហ៊ុន Alphabet Inc Amazon.com Inc និង Tesla Inc មានតម្លៃ១ពាន់ពាន់លានដុល្លារ៕