ដោយៈគង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃប្រាក់ឈ្នួលកម្លាំងពលកម្ម ការកើនឡើងនៃតម្លៃដឹកជញ្ជូននិងឡូជីស្ទិក និងអគ្គិសនីមានតម្លៃខ្ពស់ គឺជាបញ្ហាប្រឈមដែលអាចធ្វើឱ្យកម្ពុជា បាត់បង់ឧត្តមភាពនៃការប្រកួតប្រជែងជាមួយអន្តរជាតិ។
ក្នុងអត្ថបទស្រាវជ្រាវស្តីពីប្រាក់ឈ្នួលអប្បបរមា និងការប្រកួតប្រជែងរបស់កម្ពុជា របស់អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍បានបង្ហាញថា ការស្រាវជ្រាវនេះ មានគោលបំណងដើម្បីរក ឱ្យឃើញថា តើឱកាសនៃការប្រកួតប្រជែងលើវិស័យកាត់ដេរនៅកម្ពុជាអាចនឹងបន្តនិរន្តរភាពទៅមុខឬយ៉ាងណា? ហើយអាចប្រកួតប្រជែងឈ្នះប្រទេសជិតខាងដែរឬទេ? ដើម្បីរកឃើញថា តើឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជានៅតែបន្តរឹង ឬត្រូវកែលម្អចំណុចណាខ្លះ?។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការសិក្សានេះបានរកឃើញថា វៀតណាម គឺជាដៃគូដ៏ខ្លាំងរបស់កម្ពុជាក្នុងការប្រកួតប្រជែងនៃការនាំចេញផលិតផលកាត់ដេរ ព្រោះប្រាក់ឈ្នួលកម្លាំងពលកម្មរបស់ប្រទេសនេះទាបជាងកម្ពុជា ដែលជាកត្តាមួយធ្វើឱ្យកម្ពុជាអាចប្រឈមនឹងការបាត់ឱកាសក្នុងការប្រកួតប្រជែង។
លោកបន្ថែមថា “នៅគ្រាដែលកំពង់ផែទឹកជ្រៅរបស់កម្ពុជា មិនទាន់សាងសង់រួច វាបានធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនទំនិញចេញពីកម្ពុជា ត្រូវឆ្លងកាត់វៀតណាម និងថៃ ដែលធ្វើឱ្យថ្លៃដើមកាន់តែខ្ពស់ ហើយនេះជាបញ្ហាប្រឈមនៃលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញកម្ពុជា”។លោកបន្ថែមថា ជាដំណោះស្រាយ យើងឃើញថា ការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ កោះកុង និងកំពត គឺជាការបង្កើតឱ្យកម្ពុជា មានឱកាសនាំចេញកាន់តែថ្លៃទាប ប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន ដែលអាចនឹងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្នុងអាស៊ានផងដែរ។
ម្យ៉ាងវិញទៀត បញ្ហាតម្លៃអគ្គិសនី នៅតែមានភាពប្រឈមនឹងវិស័យឧស្សាហកម្មកម្ពុជាពិសេសវិស័យកាត់ដេរ ខណៈនីតិវិធីពន្ធគយនៅតែមានភាពស្មុគស្មាញ ដែលអាចធ្វើកម្ពុជា បាត់ឧត្តមភាពប្រកួតប្រជែងនេះផងដែរ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបន្ថែមថា ការសិក្សាបានរកឃើញថា មានរោងចក្រសហគ្រាសមួយចំនួន នៅតែមិនទាន់គោរពគោលការណ៍ឱ្យបានត្រឹមត្រូវ ដោយមិនមានលក្ខខណ្ឌការងារល្អ ដែលនេះជាបញ្ហាប្រឈមមួយដែរ។ ដូច្នេះរោងចក្រទាំងនោះត្រូវរៀបចំខ្លួនឡើងវិញ ឱ្យសមស្រប ចៀសវាងការកេងចំណេញច្រើនពីកម្មករ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចប្រជុំត្រីភាគីចំនួន៦ដងទៀត ដើម្បីបន្តកិច្ចពិភាក្សាទៅលើប្រាក់ឈ្នួល ក្នុងវិស័យកាត់ដេរ ដោយបានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ជាថ្ងៃកំណត់ចុងក្រោយ ដែលត្រូវប្រកាសប្រាក់ឈ្នួលគោល ក្នុងវិស័យកាត់ដេរ សម្រាប់កម្មករនៅឆ្នាំ ២០២៣។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដែលចុះហត្ថលេខាដោយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ២ ភាគីទៀតជាសមាជិក ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែសីហា បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ៣១ ខែសីហា និងថ្ងៃទី ៧, ១៤, ២២ និងទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗ ទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ការប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញ)។
ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករ និយោជិត មិនទាន់អាចបញ្ជាក់បាននូវតួលេខ ដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយ ដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្ដងទៀតសិន៕