ក្រសួងពាណិជ្ជកម្មបានបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤
ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសន្និសីទស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤។
ថ្លែងក្នុងពិធីបើកសន្និសីទកាលពីថ្ងៃទី២៦ សីហា លោកជំទាវចម និម្មល បានចាត់ទុកថា សន្និសីទនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការពិភាក្សាលើបញ្ហាដ៏សំខាន់ពាក់ព័ន្ធនឹងនវានុវត្តន៍ ចីរភាព និងការលើកកម្ពស់សិទ្ធិអំណាចអ្នកប្រើប្រាស់នៅក្នុងតំបន់។
លោកជំទាវបញ្ជាក់ថា គោលគំនិតនៃការការពារអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ទោះបីជានៅមានភាពថ្មីនៅទ្បើយ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់ការយល់ដឹង ការរៀបចំច្បាប់និងបទប្បញ្ញត្តិឱ្យរឹងមាំ ក៏ដូចជាការអនុវត្តគំនិតផ្តួចផ្តើមការពារអ្នកប្រើប្រាស់ផ្សេងៗទៀត តាមរយៈក្រសួងពាណិជ្ជកម្ម ដែលក្នុងនោះបង្គោលចរសំខាន់ៗ រួមមាន ការប្រកាស់ឱ្យប្រើប្រាស់ដោយជោគជ័យនូវច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ក្នុងឆ្នាំ២០១៩។
លោកជំទាវរដ្ឋមន្ត្រីបានបន្តថា គណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់អាស៊ាន បានដើរតួនាទីជាចំណុចបង្គោល ក្នុងការអនុវត្ត និងតាមដានត្រួតពិនិត្យ កិច្ចរៀបចំនិងយន្តការក្នុងតំបន់នានា ក្នុងការជំរុញការការពារអ្នកប្រើប្រាស់ នៅក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន ដោយធានាថា វិធានការការពារអ្នកប្រើប្រាស់ រួមទាំងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយនានា បានរៀបចំទ្បើងនៅក្នុងបណ្តារដ្ឋ ជាសមាជិកអាស៊ានទាំងអស់ ដែលបង្កើនលទ្ធភាពទទួលបានព័ត៌មាន របស់អ្នកប្រើប្រាស់ និងយន្តការសម្រាប់ដោះស្រាយ និងការពង្រឹងសមត្ថភាពស្ថាប័នផងដែរ៕