សម្តេចធិបតីលើកឡើងពីផលលាភនៃសុខសន្តិភាពដែលកម្ពុជាទទួលបានរយៈពេល២៦ឆ្នាំ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានគូសរំលេចថា ផលលាភនៃសន្ដិភាព ដែលកម្ពុជាទទួលបាន២៦ឆ្នាំមកនេះ បង្ហាញពីអត្ថប្រយោជន៍នយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើក មហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP ក្រោមប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក៏បានលើកទឹកចិត្តដល់ប្រទេសជុំវិញ ពិភពលោក ដោះស្រាយជម្លោះតាមរយៈសន្តិភាព

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា ផលលាភនៃសន្តិភាព ដែលកម្ពុជាទទួលបានក្នុងរយៈពេល២៦ ឆ្នាំកន្លងមកនេះ ក្រើនរំលឹកឱ្យឃើញអំពីទំហំ នៃអត្ថប្រយោជន៍ ដែលយើងទទួលបាន តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន”។

សម្ដេចបវរធិបតីនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ដោយមានផ្លែផ្កានៃសន្តិភាពបែបនេះ បានជំរុញឱ្យកម្ពុជាកាន់តែមានភាពសកម្ម ដើម្បីសន្តិភាព និងលើកទឹកចិត្តឲ្យមានឆន្ទៈ ក្នុងការរួមចំណែក ដល់ការដោះស្រាយជម្លោះ ដែលកំពុងបន្តកើតមានឡើង នៅជុំវិញពិភពលោក រាប់តាំងពី មីយ៉ាន់ម៉ា រហូតដល់អ៊ុយក្រែន អាហ្វ្រិក និងមជ្ឈឹមបូព៌ា។

ប្រធានមហាសន្និបាត ICAPP លើកទី១២ បញ្ជាក់ថា អ្នកនយោបាយគ្រប់រូប គួរមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសន្តិភាព ជាពិសេសសន្តិភាព មិនគួរជាអាទិភាពបន្ទាប់បន្សំ ទាបជាងការស្វែងរកជ័យជំនះ នៅក្នុងការបោះឆ្នោត ឬការសម្រេច គោលដៅមនោគមវិជ្ជាជាក់លាក់ណាមួយនោះទេ។

សម្ដេចបន្តថា “នយោបាយប្រជានិយម ជ្រុលនិយម និងដាច់ខាតនិយម គួរតែត្រូវបានថ្កោលទោស និងមិនគួរក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់ការដណ្តើមតំណែងនយោបាយឡើយ”

សម្ដចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា ប្រទេសនីមួយៗ គួរអនុវត្តតាមសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដោយលើកកម្ពស់សន្តិភាព និងចៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង ដែលអាចបង្កឱ្យមានភាពចលាចល ឬចុងក្រោយ ឈានដល់ការផ្លាស់ប្តូររបប ដោយមធ្យោបាយដែលគ្មានលក្ខណៈប្រជាធិបតេយ្យ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចបង្ហាញថា ក្នុងនាមជាជនរងគ្រោះនាពេលកន្លងមក ដោយសារឥរិយាបទនយោបាយ និងទំនាក់ទំនងអន្តរជាតិ ពិសពុលបែបនេះ គណបក្សប្រជាជនកម្ពុជា មានជំហរម៉ឺងម៉ាត់ ក្នុងការការពារ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍ ប្រឆាំងនឹងកម្លាំងអមិត្តទាំងឡាយ ទោះក្នុងរូបភាពណាក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here