ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តី និងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុនានាបានចូលរួមកិច្ចប្រជុំ ទាក់ទងនឹងប្រធានបទឥណទាន លើវិស័យកសិកម្ម។
លោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និង លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “ឥណទានកសិកម្ម” នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។
កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានាសរុបប្រមាណ៤០រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាអំពី លទ្ធភាពពង្រីកប្រភពឥណទានសម្រាប់ “សហគមន៍កសិកម្មទំនើប” ដើម្បីជំរុញដល់ការអភិវឌ្ឍជនបទ និងវិស័យកសិកម្មដាំដុះសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញនៅកម្ពុជា។
លោកឃឹម ហ្វីណង់ បានជម្រាបជូនថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញផលិតកម្មកសិកម្ម សម្រាប់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ ក្នុងទិសដៅនេះ ដើម្បីគាំទ្រ ដល់សហគមន៍កសិកម្មទំនើប លោកបានស្នើសុំកិច្ចសហការពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយពិនិត្យលទ្ធភាពផ្តល់ឥណទាន ដែលមានលក្ខខណ្ឌអំណោយផល និងផ្តល់ការអនុគ្រោះបន្ថែម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារ ឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបង្ហាញស្មារតីចូលរួមគាំទ្រ និងជ្រោមជ្រែងគំនិតផ្តួចផ្តើមបង្កើត និងអភិវឌ្ឍសហគមន៍កសិកម្មទំនើបនេះ តាមរយៈការជំរុញលើការរៀបចំកម្មវិធី គោលនយោបាយផ្សេងៗ ដែលអាចផ្តល់ការអនុគ្រោះបន្ថែម និងលក្ខខណ្ឌពិសេស លើឥណទានកសិកម្ម៕