ដោយ៖ សាវុធ
ភ្នំពេញ៖ ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិ ដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។
ឧទាហរណ៍៖ លោកចាន់មានភាគហ៊ុនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ១.០០០ភាគហ៊ុន។ បន្ទាប់មកក្រុមហ៊ុនប្រកាសចែកភាគលាភជាសាច់ប្រាក់ចំនួន ២៥០រៀលក្នុងមួយភាគហ៊ុន។ ដូច្នេះភាគលាភជាសាច់ប្រាក់សរុបដែលលោកចាន់នឹងទទួលបាន មានចំនួន ២៥០.០០០រៀល។
ហេតុផល ៤យ៉ាងធំៗ ដែលអ្នកត្រូវវិនិយោគលើភាគហ៊ុន៖
ទី១, ឱកាសវិនិយោគ និងប្រាក់ចំណេញ ជំនួសឱ្យ ឬបន្ថែមលើការបើកអាជីវកម្មផ្ទាល់ខ្លួន ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យវិនិយោគិននូវឱកាសដើម្បីចូលរួមក្នុងអាជីវកម្មដោយមិនចាំបាច់មានជំនាញ និងបទពិសោធន៍ជាក់លាក់ ឬការគ្រប់គ្រងដោយផ្ទាល់នោះទេ ។ ទន្ទឹមនឹងនេះ ការកាន់កាប់ភាគហ៊ុនអាចផ្តល់ផលចំណេញខ្ពស់ ដែលបានមកពីការចែកភាគលាភ និងការចំណេញពីការជួញដូរភាគហ៊ុន។
ទី២, ផ្តល់លទ្ធភាពសម្រាប់វិនិយោគិនតូចៗ ទីផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិនដែលមានប្រាក់សមល្មម អាចវិនិយោគលើក្រុមហ៊ុនធំ ហើយទទួលបានផលចំណេញមកវិញដូចទៅនឹង បុគ្គល ឬ ស្ថាប័នដែលមានប្រាក់ច្រើន ដោយផ្អែកលើចំនួនភាគហ៊ុនដែលពួកគេកាន់កាប់។
ទី៣, ការធ្វើពិពិធកម្មវិនិយោគ ក្រៅពីប្រភពចំណូលសំខាន់ៗ របស់អ្នកដូចជាប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្ម និងប្រាក់ចំណូលបន្ថែមផ្សេងទៀត ដូចជា ការប្រាក់ពីប្រាក់បញ្ញើសន្សំនៅធនាគារ ការជួលផ្ទះ ឬការវិនិយោគលើអចលនទ្រព្យ អ្នកអាចវិនិយោគនៅក្នុងផ្សារហ៊ុនដើម្បីធ្វើពិពិធកម្មវិនិយោគ។
ទី៤, មានទីផ្សារដែលអាចទិញលក់ប្រចាំថ្ងៃការវិនិយោគលើភាគហ៊ុនមានលក្ខណៈពិសេស ជាងការវិនិយោគលើទ្រព្យសកម្មដទៃ ដោយហេតុថាទីផ្សារភាគហ៊ុនមានរចនាសម្ព័ន្ធពេញលេញ ដែលអនុញ្ញាតឱ្យវិនិយោគិន ទិញ លក់ បានប្រចាំថ្ងៃ ។ ក្នុងន័យនេះ វិនិយោគិនអាច បង្វែរភាគហ៊ុន ទៅជាសាច់ប្រាក់បានយ៉ាងងាយ តាម រយៈការជួញដូរ ដែលធ្វើឡើងជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ ការវិនិយោគដោយផ្ទាល់ទៅក្នុងអាជីវកម្ម ឬ អចលនទ្រព្យ មិនបានផ្តល់លក្ខណៈងាយស្រួល ក្នុងការបង្វែរជាសាច់ប្រាក់ ដូចការវិនិយោគលើភាគហ៊ុនឡើយ៕