ដោយៈសុខុម
ប៉េកាំង: ពេលនេះ App (កម្មវិធី) ឆាតជាសំលេង Clubhouse កំពុងតែទាក់ទាញបានអ្នកប្រើប្រាស់ថ្មីៗពីប្រទេសចិន ភ្លូកទឹកភ្លូកដី ខណៈ App របស់សហរដ្ឋអាមេរិក មួយនេះ មិនទាន់ត្រូវបានអាជ្ញាជរចិនចាប់ពិរុទ្ធនៅឡើយ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលចរចាគ្នាជុំវិញសិទ្ធិអត្តសញ្ញាណជាតិ និងប្រធានបទរសើបៗផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៧ កុម្ភៈ។
App បណ្ដាញទំនាក់ទំនងសង្គម របស់លោកខាងលិចរួមមាន Twitter ហ្វេសប៊ុក និង YouTube ជាដើម ត្រូវបានហាមប្រាមនៅក្នុងប្រទេសចិន ដោយអ៊ីនធឺណិតក្នុងស្រុកត្រូវបានចាប់ពិរុទ្ធយ៉ាងតឹងរ៉ឹង លើខ្លឹមសារដែលអាចជះផលអាក្រក់ ដល់បក្សកុម្មុយនីស្តចិន កំពុងកាន់អំណាច។
Clubhouse ដែលត្រូវបានចាប់ផ្ដើមដាក់ឱ្យដំណើរការ នៅដើមឆ្នាំ២០២០ ទទួលបានចំនួនអ្នកប្រើប្រាស់យ៉ាងច្រើន កាលពីដើមខែនេះ ក្រោយពីលោក Elon Musk មេក្រុមហ៊ុនអាមេរិក Tesla និងលោក Vlad Tenev មេរបស់ក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក Robinhood បានធ្វើការចរចាគ្នាគួរឱ្យភ្ញាក់ផ្អើលអំពី App មួយនេះ។
App នេះអាចប្រើប្រាស់បាន លុះត្រាទទួលបានការ Invite ពីសមាជិកអ្នកប្រើប្រាស់បច្ចុប្បន្ន ហើយគិតត្រឹមថ្ងៃអាទិត្យទី៧ កុម្ភៈ ករ Invite ដើម្បីអាចប្រើប្រាស់ App នេះបានត្រូវបង់ថ្លៃសេវាចន្លោះពី៥០យ័ន ទៅ៤០០យ័ន (៧,៧៣ ដុល្លារអាមេរិក ទៅ ៦៩,៥៩ ដុល្លារអាមេរិក) នៅលើគេហទំព័រ E-Commerce ល្បីៗរបស់ចិន។
ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើការសង្កេតដោយផ្ទាល់ និងពិនិត្យឃើញថា គ្រុបសន្ទនាជាភាសាចិនជាច្រើន ដែលមានអ្នកប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់ បានចូលស្ដាប់ការសន្ទនាជាសំឡេងលើប្រធានបទនានា រួមមាន ទាំងជំរុំឃុំឃាំងនៅតំបន់ស្វយ័ត Xinjiang ឯករាជ្យភាពរបស់កោះតៃវ៉ាន់ និងច្បាប់សន្តិសុខជាតិរបស់ក្រុងហុងកុងផងដែរ។
អាជ្ញាធរអ៊ីនធឺណិតចិន បានចាប់ពិរុទ្ធកាន់តែខ្លាំងឡើងៗ ទៅលើខ្លឹមសារនានាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយ App ស្ថាប័នសារព័ត៌មាន និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន ត្រូវបានហាមឃាត់នៅក្នុងប្រទេសនេះ៕