ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានសម្រេចបានអនុម័តគម្រោង វិនិយោគថ្មីៗចំនួន២នៅខេត្តស្វាយ ដែលបានប្រកាសទុនវិនិយោគ ២៤,៦លានដុល្លារ និងបង្កើតការងារជាង៣០០កន្លែងដល់ប្រជាជនក្នុងតំបន់។ នេះយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃដដែល។
ក្រុមហ៊ុន GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រ ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងមានទុនវិនិយោគប្រមាណ១៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។
ក្រុមហ៊ុន “HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” គ្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៨០កន្លែង។
ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលនានា នៃគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត និងវិស័យឯកជន បច្ចុប្បន្ននេះ ខេត្តស្វាយរៀង កំពុងបង្ហាញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចក្នុងតំបន់ ខណៈដែលគម្រោងវិនិយោគថ្មីៗបាន និងកំពុងបន្តវត្តមានជាបន្តបន្ទាប់ និងផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋសរុបជាង៨ម៉ឺននាក់។
អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុល បានមានប្រសាសន៍ថា នៅតំបន់មានសក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្តប្រមាណជាង៨ម៉ឺននាក់ បម្រើនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រសហគ្រាស សេវាកម្ម និងកាស៊ីណូជាដើម។
លោកបានបន្តថា “ជាមួយនឹងភាពរីកចម្រើន និងការអភិវឌ្ឍន៍បង្កើតបានជាសមិទ្ធផលនានាជាច្រើននៅក្នុងខេត្ត ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានភាពរីកចម្រើន” ។
កាលពីដើមខែមីនា ឆ្នាំ២០២១នេះផងដែរ ក្រុមហ៊ុនចិន Sailun Group បានប្រកាសថា ខ្លួនកំពុងពិចារណាបង្កើតរោងចក្រ ផលិតសំបកកង់រថយន្តដឹកអ្នកដំណើរ ដែលមានតម្លៃជាង១៨០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស QiLu (ខេមបូឌា) ក្នុងខេត្តស្វាយរៀង៕