ដោយៈសុខុម
គូឡាឡាំពួ: ដូចយើងបានដឹងរួចមកហើយថា ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបានក្លាយជាបញ្ហាដ៏ចម្រូងចម្រាសមួយ ក្នុងចំណោមបញ្ហាចម្រូងចម្រាសធំៗមួយចំនួន ដែលបានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ដែលជាមហាអំណាចលេខ១ របស់ពិភពលោក និងមហាយក្សចិន ដែលជាមហាអំណាចនៅអាស៊ីប្រេះឆាយ៉ាងខ្លាំង ជាពិសេសអំឡុងរដ្ឋការរបស់ លោក ដូណាល់ ត្រាំ។
ដូចនេះ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក វិនិយោគលើក្រុមហ៊ុនបច្ចេកចិន ដែលអាចប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលខ្លួន។
ក្រុមហ៊ុន Bain Capital ដែលជាក្រុមហ៊ុនមូលបត្ររបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទ ទី២២ មីនា ថា ខ្លួនបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន២០០ លានដុល្លារ លើក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មីរបស់មហាយក្សចិន ឈ្មោះ Newlink Group ធ្វើឱ្យក្រុមហ៊ុននេះកៀរគរដើមទុន បានសរុបចំនួន៣០០លានដុល្លារនៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។
ក្រុមហ៊ុនបច្ចេកវិទ្យាចិន Newlink Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដើម្បីជួយអ្នកបើកបរនានាក្នុងប្រទេសចិន ក្នុងការស្វែងរកស្ថានីយប្រេងឥន្ធនៈ និងកន្លែងសាកថាមពលរថយន្តអគ្គិសនីតាមរយៈ Platform អនឡាញមួយដែលរួមបញ្ចូល App “Tuanyou” និង App “ Kuaidian” ។
វិនិយោគិនចម្រុះនៅក្នុងក្រុមហ៊ុននេះ រួមមាន ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ទូរស័ព្ទស្មាតហ្វូនចិន Xiaomi Corp និងធនាគារចិន China International Capital Corp ផងដែរ។
ក្រុមហ៊ុន Newlink Group ក៏មានគម្រោងប្រែក្លាយស្ថានីយ៍ ប្រេងឥន្ធនៈឯករាជ្យមួយចំនួន ទៅជាមណ្ឌលNewlink ដែលរួមបញ្ចូលស្ថានីយប្រេងឥន្ធនៈ កន្លែងសាកថាមពលរថយន្តអគ្គិសនី សេវាកម្មថែទាំរថយន្ត និងម៉ាតផងដែរ។
លោក Drew Chen នាយកគ្រប់គ្រងក្រុមហ៊ុន Bain Capital បានលើកឡើងថា “យើងសង្ឃឹមថា ក្រុមហ៊ុន Newlink អាចជួយពន្លឿនកិច្ចប្រឹងប្រែង ធ្វើឌីជីថលនីយកម្មប្រព័ន្ធអេកូឡូស៊ីថាមពល (energy ecosystem) របស់ប្រទេសចិន និងគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសចិន ឆ្ពោះទៅរកសេដ្ឋកិច្ចបញ្ចេញឧស្ម័នកាបូនទាប និងលើកកម្ពស់ការផ្លាស់ប្ដូរឆ្ពោះទៅរកការប្រើប្រាស់រថយន្តអគ្គិសនី” ៕