ដោយៈសុខុម
ឌូបៃ: ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អារ៉ាប់រួមអេមីរ៉ាត បានចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៣ មីនា ថា ប្រទេសនេះនឹងវិនិយោគ ទឹកប្រាក់ចំនួន១០ពាន់លានដុល្លារអាមេរិក លើមូលនិធិវិនិយោគ (Sovereign Wealth Fund) ទើបបង្កើតថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី ដែលនឹងត្រូវយកទៅចំណាយលើគម្រោងនានា ក្នុងសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ មួយនេះ។
នេះគឺជាការសន្យាបោះទុនវិនិយោគធំបំផុត របស់បរទេសសម្រាប់អាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី (INA) និងជាការវិនិយោគដំបូងបង្អស់ ចាប់តាំងពីមូលនិធិនេះត្រូវបានដំណើរការជាផ្លូវការកាលពីខែកុម្ភៈ។
ក្រុមមន្ត្រីឥណ្ឌូនេស៊ី ធ្លាប់បានលើកឡើងថា នៅមុនពេលមូលនិធិនេះ ដំណើរការជាផ្លូវការ អាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី ក៏ធ្លាប់ទទួលបានការសន្យា បោះទុនវិនិយោគរហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិកផងដែរ ពីសំណាក់ក្រុមហ៊ុន និងទីភ្នាក់ងារនានាទូទាំងពិភពលោករួមមាន ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារជប៉ុន ដើម្បីកិច្ចសហប្រវត្តិការអន្តរជាតិ (Japan Bank for International Cooperation) និងមូលនិធិសោធនបរទេសមួយចំនួនទៀត។
ដើម្បីដំណើរការមូលនិធិវិនិយោគនេះ រដ្ឋាភិបាលក្រុងហ្សាការតានឹងផ្ដល់ទុនចំនួន៥ពាន់លានដុល្លារអាមេរិក ជាសាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗទៀត។ ខុសពីមូលនិធិវិនិយោគជាច្រើនផ្សេងទៀត ដែលគ្រប់គ្រងប្រាក់ចំណូលប្រេង ដែលលើស ឬទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) អាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី ស្វះស្វែងរកមូលនិធិបរទេសនានា មកធ្វើជាសហវិនិយោគិន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្ដារសេដ្ឋកិច្ចរបស់ប្រទេសនេះពីវិបត្តិកូវីដ-១៩ ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ WAM របស់អារ៉ាប់រួមអេមីរ៉ាតបានចុះផ្សាយថា ការវិនិយោគរបស់ប្រទេសអារ៉ាប់រួមអេមីរ៉ាតនេះ នឹងត្រូវយកទៅប្រើប្រាស់ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ កំពង់ផែ ព្រមទាំងវិស័យទេសចរណ៍ កសិកម្ម និង “វិស័យជាយុទ្ធសាស្ត្រ” ផ្សេងៗទៀតផងដែរ។
ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីពេលវេលាជាក់ នៃការទម្លាក់ទុនវិនិយោគនេះនៅឡើយទេ។
អ្នកនាំពាក្យក្រសួងសម្របសម្រួលកិច្ចការនាវាចរណ៍ និងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ីបានលើកឡើងថា ប្រទេសឥណ្ឌូនេស៊ី បានស្វាគមន៍ការប្រកាសនេះ ហើយខ្លួននឹង “ជួយបង្រួមគម្លាត រវាងសមត្ថភាពផ្ដល់មូលនិធិក្នុងស្រុក និងតម្រូវការសម្រាប់កម្មវិធីអភិវឌ្ឍន៍នានា” ។
ក្រុមមន្ត្រីនិយាយថា អាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី នឹងផ្តល់ឱកាសដល់វិនិយោគិនបរទេសនានា ឱ្យក្លាយជាសហវិនិយោគិន នៅក្នុងមូលនិធិវិនិយោគនេះ។
ទីភ្នាក់ងារដាក់កម្រិតឥណទាន របស់សហរដ្ឋអាមេរិក Fitch Ratings បាននិយាយកាលពីថ្ងៃច័ន្ទ ទី២២ មីនាថា ការចាប់ផ្តើមដំណើរការមូលនិធិវិនិយោគ របស់អាជ្ញាធរវិនិយោគឥណ្ឌូណេស៊ីនេះ ទំនងជាមិនអាចកាត់បន្ថយ កម្រិតបំណុលរបស់ក្រុមហ៊ុននានាក្នុងប្រទេសនេះនោះឡើយក្នុងរយៈពេលខ្លី ប៉ុន្តែសមត្ថភាពរបស់ប្រទេសឥណ្ឌូនេស៊ី នៅក្នុងការកៀរគរមូលនិធិ ប្រហែលជាអាចរឹងមាំជាងមុន ប្រសិនបើមូលនិធិនេះអាចទាញមូលធនបរទេសចូលក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។
ទោះជាយ៉ាងណា ទីភ្នាក់ងារដាក់កម្រិតឥណទាន Fitch Ratings រំពឹងថា ការកៀរគរមូលនិធិបែបនេះ នឹងលេចចេញជារូបរាងក្នុងរយៈពេលវែង បន្ទាប់ពីអាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី មានកំណត់ត្រាផ្ដល់មូលនិធិ និងគ្រប់គ្រងគម្រោងត្រឹមត្រូវ។
មន្ត្រីនិយាយថា អាជ្ញាធរវិនិយោគឥណ្ឌូណេស៊ី បាននិងកំពុងពិនិត្យមើលឡើងវិញនូវឱកាសវិនិយោគ លើគម្រោងផ្លូវបង់ប្រាក់ជាង២០គម្រោង ដែលមានតម្លៃសរុបប្រមាណ២,៦ ពាន់លានដុល្លារអាមេរិក ក្នុងចំណោមគម្រោងផ្សេងៗទៀត៕