ដោយៈសុខុម
សេអ៊ូល: ក្រុមហ៊ុនសាងសង់កប៉ាល់កូរ៉េខាងត្បូង Samsung Heavy Industries បានប្រកាសកាលពីថ្ងៃអង្គារ ទី១៧ សីហា ថា ខ្លួននឹងបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនដើម្បីប្រមូលដើមទុនឱ្យបាន១.១ពាន់លានដុល្លារអាមេរិក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times ឱ្យដឹងថា ការបោះផ្សាយភាគហ៊ុនលក់នេះ គឺដើម្បីប្រមូលដើមទុនយកមកអភិវឌ្ឍបច្ចេកវិទ្យា សាងសង់កប៉ាល់ដែលមិនប៉ះពាល់ដល់បរិស្ថាន។
ក្រុមហ៊ុនSamsung Heavy ដែលស្ថិតក្នុងចំណោមក្រុមហ៊ុន សាងសង់កប៉ាល់ធំៗបំផុតរបស់ពិភពលោកបានលើកឡើងថា ខ្លួននឹងបោះផ្សាយភាគហ៊ុនធម្មតាចំនួន២៥០លានភាគហ៊ុន ដោយក្នុងមួយភាគហ៊ុនមានតម្លៃ៤,២០ដុល្លារអាមេរិក ប៉ុន្តែតម្លៃលក់បើកឆាកដំបូងនឹងត្រូវសម្រេចជាចុងក្រោយនៅថ្ងៃទី២៥ តុលា។
ក្រុមហ៊ុនបញ្ជាក់ថា ក្នុងចំណោមភាគហ៊ុនថ្មីទាំង២៥០លានភាគហ៊ុន មាន៥០លានភាគហ៊ុន ឬស្មើនឹង២០% នៃភាគហ៊ុននឹងត្រូវលក់ឱ្យទៅកម្មកររបស់ខ្លួនមុនគេ។
ដោយមិនរាប់បញ្ចូលភាគហ៊ុន ដែលត្រូវលក់ទៅឱ្យកម្មកររបស់ខ្លួន ភាគហ៊ុនដែលនៅសេសសល់ទាំងប៉ុន្មាន នឹងត្រូវបែងចែកក្នុងចំណោមភាគហ៊ុនិករបស់ខ្លួន ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា។
ទន្ទឹមនេះដែរ ក្រុមហ៊ុនលើកឡើងថា ប្រសិនបើភាគហ៊ុនិកខកខាន ក្នុងទូទាត់ថ្លៃភាគហ៊ុនថ្មីៗទាំងនេះ នោះភាគហ៊ុនទាំងនោះ នឹងត្រូវលក់ជាសាធារណៈចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា។ ភាគហ៊ុនថ្មីៗទាំងនេះ នឹងត្រូវដាក់ធ្វើការជួញដូរលើផ្សារហ៊ុនធំ ដែលចាប់ផ្តើមពីថ្ងៃទី១៩ ខែវិច្ឆិកា៕