ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបលោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុនNippon Koei Business Partners Co., Ltd. ដែលមានបំណងមកសិក្សាស្វែងយល់ ពីវិស័យស្វាយចន្ទីនៅកម្ពុជា។
ក្នុងជំនួបនោះ លោក Tsutomu បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យស្វាយចន្ទី ដើម្បីនាំចេញ ជាពិសេសនឹងផ្តោតលើការកែច្នៃផ្លែ និងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ ដែលសេសសល់នឹងយកទៅធ្វើជាចំណីសត្វ (គោ)។
លោកជា វុទ្ឋី អគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូ ពីសក្តានុពលរបស់វិស័យ ស្វាយចន្ទីនៅកម្ពុជា ខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី។
បន្ថែមពីនេះ លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យក្រុមហ៊ុន ឆាប់ធ្វើការសម្រេចចិត្ត មកបណ្តាក់ទុននៅកម្ពុជា ក្នុងវិស័យស្វាយចន្ទី ពីព្រោះនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការកែច្នៃស្វាយចន្ទី៕